សូមទស្សនាវីដេអូស្តីពី “ការណែនាំពីសាលាក្តីខ្មែរក្រហម”៖ http://www.tubechop.com/watch/1817121
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ហៅកាត់ថា សាលាក្តីខ្មែរក្រហម ឬ អ.វ.ត.ក) មានមុខងារជា តុលាការ “កូនកាត់” គំរូមួយដែលមានធាតុផ្សំទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកំណត់ពីកិច្ចដំណើរការនីតិវិធី សវនាការ។ សេចក្តីណែនាំយ៉ាងសង្ខេបស្តីពី អ.វ.ត.ក ដែលជាតុលាការ “កូនកាត់” នេះ អាចស្វែងរកបាននៅ លើគេហទំព័រ សូមចុចនៅទីនេះ រួមជាមួយនឹងការពន្យល់បន្ថែមពីមូលហេតុដែលគំរូនៃតុលាការមួយនេះត្រូវបានជ្រើសរើស សូមចុចនៅទីនេះ។ ទាក់ទងនឹងសំណួរបន្ថែម អ.វ.ត.ក បានផ្តល់ជាចម្លើយ សូមចុចនៅ ផ្នែក សំណួរចម្លើយ។ គម្រោងផ្តួចផ្តើមយុត្តិធម៌អន្តរជាតិប្រចាំអាស៊ី (AIJI) ក៏បានឆ្លើយនឹងសំណួរជាមូលដ្ឋាននានា ផងដែរដែលទាក់ទងនឹងការបង្កើត និងមុខងាររបស់តុលាការនេះដូចខាងក្រោម។
អ្វីទៅជាតុលាការអន្តរជាតិ?
នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ យុត្តាធិការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជា ជាតិ) បានអនុញ្ញាតឲ្យបង្កើតតុលាការព្រហ្មទណ្ឌពិសេស មានដូចជា តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ យូហ្គោស្លាវី ICTY (S/RES 827) នៅក្នុងប្រទេសយូហ្គោស្លាវី (Yugoslavia) និងតុលាការព្រហ្មទណ្ឌអន្តរ ជាតិសម្រាប់រ៉្វាន់ដា ICTR (S/RES 955) នៅក្នុងប្រទេសវ៉្វាន់ដា (Rwanda) ដោយអង្គការសហប្រជាជាតិ (អ.ស.ប-UN)។ តុលាការទាំងនេះ បានកំណត់យុត្តាធិការរបស់ខ្លួនលើភាពជាក់លាក់នៃដែនដី ឧក្រិដ្ឋជន ឧក្រិដ្ឋកម្មនានាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ និងពេលវេលាដែលបានកើតឡើងក្នុងអតីតកាល ដែល ប្រការទាំងនេះជាមូលហេតុ ដែលតុលាការទាំងនេះត្រូវបានហៅថា តុលាការពិសេស ។ ក៏ប៉ុន្តែ តុលាការទាំង នេះ មានបញ្ហាលើភាពស្របច្បាប់ ដោយសារតែកិច្ចដំណើរការនីតិវិធី ត្រូវបានធ្វើឡើងដោយអវត្តមាននៃការ ចូលរួមរបស់រដ្ឋ និងប្រជាជន ដែលជាទីកន្លែងនៃឧក្រិដ្ឋកម្មបានកើតឡើង។ លើសពីនេះទៅទៀត តុលាការទាំង នេះ អាចត្រូវបានបង្កើតឡើងក្រោយពេលអំពើនៃឧក្រិដ្ឋកម្មបានកើតមានឡើង ដោយការប្រើប្រាស់កម្លាំង ដែល មានចែងនៅក្នុងជំពូកទី៧នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីភាគីជាតិ ដែលនេះមានន័យថា រដ្ឋដែលរងគ្រោះ មិនអាចឆ្លើយបដិសេធចំពោះការបង្កើតកិច្ចដំណើរការនីតិវិធីនេះបាន ឡើយ។ នេះមានន័យថា តុលាការទាំងនេះ មិនសូវជាមានសារៈសំខាន់ចំពោះដំណើរការព្យាបាលរបួសដ៏មាន ប្រសិទ្ធភាពសម្រាប់ជនរងគ្រោះនោះទេ ដោយហេតុថាច្បាប់របស់ប្រជាជនដែលរងគ្រោះទាំងនោះមិនត្រូវបាន យកមកប្រើប្រាស់។ ម្យ៉ាងវិញទៀត តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក៏ជាតុលាការអចិន្ត្រៃយ៍មួយដែល មានទីតាំងឆ្ងាយពីកន្លែងឧក្រិដ្ឋកម្ម ហើយធនធាន និងយុត្តាធិការរបស់ខ្លួនក៏មានកំណត់ផងដែរ។
តើអ្វីទៅជា “តុលាការកូនកាត់” ?
ដើម្បីជៀសវាងបញ្ហានៃតុលាការពិសេស សហគមន៍អន្តរជាតិ បានចាប់ផ្តើមធ្វើការងារលើទស្សនាទានស្តីពី “តុលាការកូនកាត់” ដែលតុលាការនេះជាការរូមបញ្ចូលគ្នានៃទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ដំបូង ឡើយ តុលាការទាំងនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរដ្ឋ អធិបតេយ្យភាព ជាទូទៅតាមរយៈកិច្ចព្រមព្រៀង ដោយមិនប្រើប្រាស់កម្លាំងទេ។ ដូចគ្នាទៅនឹងតុលាការដទៃ ទៀតដែរ តុលាការនេះមានយុត្តាធិការលើប្រធានបទជាក់លាក់ ក៏ប៉ុន្តែអាចធ្វើការចោទប្រកាន់លើបុគ្គលទាំង ឡាយណាទាំងនៅក្រោមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដូចដែលបានកំណត់ក្នុងវិធាននីតិវិធី (ជាញឹកញាប់ ជាការបញ្ចូលគ្នានៃយុត្តិសាស្ត្រជាតិ និងអន្តរជាតិ)។ លើសពីនេះទៅទៀត បុគ្គលិកនៃតុលាការទាំងនេះ ត្រូវបាន តែតាំង ឬចាត់តាំង និងប្រាក់បៀវត្សរ៍របស់បុគ្គលិកនឹងត្រូវចំណាយដោយភាគីទាំងពីរ ទាំងជាតិ និងអន្តរជាតិ។ ការចូលរួមពីភាគីជាតិ និងអន្តរជាតិ គឺមានគោលបំណងដើម្បីធ្វើឲ្យការជំនុំជម្រះក្តីកាន់តែមានភាពស្របច្បាប់ និងជួយជំរុញលើកទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើនពីជនស៊ីវិល។ ឧទាហរណ៍នៃ “សាលាក្តីកូនកាត់” នៅ ក្នុងប្រទេសមួយចំនួន មានដូចជា៖ តុលាការពិសេសសម្រាប់សៀរ៉ាឡេអូន (Special Court for Sierra Leone) អង្គជំនុំជម្រះពិសេសសម្រាប់តុលាការស្រុកឌីលីក្នុងប្រទេសទីម័រខាងកើត (Special Panels of Dili District Court in Timor-Leste) និងតុលាការពិសេសសម្រាប់ប្រទេសលីបង់ (The Special Tribunal for Lebanon)។
ទោះបីជា “តុលាការកូនកាត់” ត្រូវបានគេចាត់ទុកថាជាជំហាននៃការច្នៃប្រឌិតថ្មីមួយសម្រាប់កិច្ចដំណើរការនីតិ វិធីព្រហ្មទណ្ឌអន្តរជាតិក៏ដោយ ក៏នៅមានបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចដំណើរការរបស់វាផងដែរ ដែល ជាសក្ខីភាព តុលាការនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមបញ្ហាទាំងនោះ បញ្ហាទាក់ ទងនឹងការគ្រប់គ្រងទស្សនៈជាតិ និងអន្តរជាតិនៅពេលជាមួយគ្នា បានបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំង ឡើង ដោយបង្កើតឲ្យមានជម្លោះកើតឡើងរវាងភាគីទាំងពីរ។ ជាងនេះទៅទៀត ការធានាឲ្យបាននូវឯករាជ្យភាពយុត្តាធិការ នៅពេលដែលការបង្កើតប្រព័ន្ធតុលាការនេះឡើងដោយមានភាពមិនសូវរឹងមាំនោះ វាតែងតែជួប ប្រទះនឹងការលំបាកជាញឹកញាប់។
តើអ្វីទៅជាគោលគំនិតនៅពីក្រោយការបង្កើត អ.វ.ត.ក ?
បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាមក កិច្ចព្រម ព្រៀង អន្តរជាតិមួយរវាងភាគីទាំងពីរ បានអនុញ្ញាតឲ្យបង្កើតតុលាការមួយ ដែលមានសិទ្ធិអំណាចដើម្បីកាត់ ទោសមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុត ក្នុងការប្រព្រឹត្តិ ឧក្រិដ្ឋកម្មនៅអំឡុងពេលចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ មកជំនុំជម្រះ។ កិច្ចព្រមព្រៀងទ្វេភាគីនេះ បានបង្កើតឲ្យមានភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា ដែលជា លទ្ធផល អ.វ.ត.ក ត្រូវបានបង្កើតឡើង ដោយដើរតួនាទីជា “តុលាការកូនកាត់” មួយ។ ដើម្បីធានានូវភាព ជាតំណាងឲ្យភាគីទាំងពីរ សិទ្ធិ និងកាតព្វកិច្ចរបស់ភាគីជាតិ និងអន្តរជាតិ គឺត្រូវបានកំណត់នៅក្នុង ច្បាប់ស្តីពីការបង្កើត អ.វ.ត.ក និង វិធានផ្ទៃក្នុងនៃ អ.វ.ត.ក។
តើគោលគំនិតនៃ “តុលាការកូនកាត់” នេះ ត្រូវបានយកមកអនុវត្តដោយរបៀបណានៅ អ.វ.ត.ក?
វិធាននៃ អ.វ.ត.ក ធានានូវធាតុផ្សំដែលមានលក្ខណៈជាតុលាការកូនកាត់នៃ ស្ថាប័នតុលាការ នេះ តាមវិធី សាស្ត្រខុសៗគ្នា។ ទោះបីជា អ.វ.ត.ក គឺជាផ្នែកមួយនៃប្រព័ន្ធតុលាការកម្ពុជាក៏ដោយ (មាត្រា២ នៃ ច្បាប់ស្តីពី អ.វ.ត.ក (ថ្មី)) ក៏បុគ្គលិកសាលាក្តី រួមបញ្ចូលទាំង ព្រះរាជអាជ្ញា មេធាវី និងចៅក្រម គឺជាបុគ្គលិកជាតិ និងអន្តរជាតិ។ ជាឧទាហរណ៍ អង្គបុរេជំនុំជម្រះ និងអង្គជំនុំជម្រះ មានចៅក្រមកម្ពុជាបីរូបក្នុងចំណោមប្រាំរូបហើយ អង្គជំនុំជម្រះសាលាកំពូល មានចៅក្រមកម្ពុជាចំនួនបួនរូប ក្នុងចំណោមប្រាំពីររូប (មាត្រា៩ នៃ ច្បាប់ស្តីពី អ.វ.ត.ក (ថ្មី))។ ដើម្បីការពារលទ្ធភាពនៃការសម្រេចដោយភាគីចៅក្រមកម្ពុជាតែម្ខាងនោះ ភាគីទាំងពីរបាន ព្រមព្រៀងអនុវត្តនូវគោលការណ៍សម្រេចមួយដែលហៅថា “មតិភាគច្រើនលើសលុប”។ យោងតាមប្រព័ន្ធនេះ ការធ្វើសេចក្តីសម្រេចទៅរួចបាន ត្រូវមានសំឡេងឆ្នោតយ៉ាងហោចណាស់ចំនួនមួយសំឡេងពីភាគីចៅក្រមអន្តរ ជាតិ។ អ.វ.ត.ក មានយុតាធិការលើឧក្រិដ្ឋកម្មទាំងឡាយណា ដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ (មានដូចជា៖ អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ដែលមានចែងក្នុងមាត្រា៤ នៃច្បាប់ អ.វ.ត.ក) ហើយនិងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា (មានដូចជា៖ មនុស្សឃាត ការធ្វើទារុណ កម្ម និងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ដែលចែងក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ១៩៥៦ និង មាត្រា៣ នៃ ច្បាប់ អ.វ.ត.ក)។ ទាំងរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ តម្រូវឲ្យចំណាយរាល់កិច្ចការរបស់សាលាក្តីនេះ។
To access this information in English, see here: AIJI- Hybrid Court – FAQ