Posted by: AIJI Trial Monitor | February 7, 2014

Khmer Translations, KRT Monitor Issues 21-30

បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម

ស្តីពីសវនាការខ្មែរក្រហម លេខ២១ ដល់លេខ៣០ ជាភាសាខ្មែរ

     ក្នុងការស្មានទុកជាមុននៃសាលក្រមសម្រេចសេចក្តីលើសំណុំរឿង០០២ ដំណាក់កាលទី១ (សំណុំរឿង​០០២​/០១) ដែលនឹងអាចចេញ​នៅ​ក្នុង​អំឡុង​ពេលពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារឃ្លាំមើល​សាលា​ក្តីខ្មែរក្រហមនៃ​ គម្រោង​ផ្តួច​ផ្តើម​យុត្តិធម៌អន្តរជាតិ ប្រចាំអាស៊ី (AIJI) នឹងធ្វើការចុះផ្សាយជារៀង​រាល់​ខែ​នូវ​របាយ​ការណ៍ប្រចាំសប្តាហ៍ចំនួន១០ ជា​ភាសា​ខ្មែរ។ របាយ​ការណ៍របស់ពួក​យើង​ បានលើកឡើង​អំពី ការផ្តល់​សក្ខី​កម្ម ក៏ដូចជាបញ្ហានីតិវិធីច្បាប់ និង​បញ្ហាការ​នៃ​គ្រប់គ្រងសវនាការ ដែលបានធ្វើឡើងជារៀងរាល់ សប្តាហ៍ នៅ​ក្នុង​កិច្ចដំណើរការនីតិវិធីជំនុំជម្រះលើសំណុំរឿង០០២/០១។

     របាយការណ៍ប្រចាំសប្តាហ៍ចាប់ពីលេខ ២១ ដល់លេខ ៣០ បានចំណាយរយៈពេលចាប់ពីថ្ងៃទី៣០ ខែ​មេសា រហូត​ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ហើយជាអាទិ៍ របាយការណ៍ទាំងដប់នេះ បានគ្របដណ្តប់លើ​ប្រធាន​បទស្តីពីសវនាការស្តាប់សក្ខីកម្មសាក្សី ដែលពាក់ព័ន្ធនឹង សំណុំរឿង ០០២/០១ លើកលែងតែរបាយ ការណ៍​លេខ ២៣ ដែលពុំមានសវនាការស្តីសក្ខីកម្មសាក្សីនោះទេ ដោយសារតែស្ថានភាពសុខ ភាពរបស់ជន ជាប់ចោទ។ របាយការណ៍លេខ ២១ បានបង្ហាញឲ្យឃើញពី ការបន្តផ្តល់សក្ខីកម្មរបស់សាក្សីលោក សាឡុត បាន និងពីការ​ចាប់​ផ្តើមផ្តល់សក្ខីកម្មរបស់សាក្សី​លោក ពាន ឃាន ។ សាក្សីលោក សាឡុត បាន ជាក្មួយ ប្រុសរបស់លោក ប៉ុល ពត ដែលគាត់បានកាន់ មុខតំណែងជាច្រើននៅក្នុងសម័យខ្មែរក្រហម រីឯសាក្សីលោក ពាន ឃាន ធ្លាប់បាន​បម្រើ​ការ​ក្នុងបក្សកុម្មុយនីស្តកម្ពុជា ដោយបានធ្វើជា អតីតជំនួយការឲ្យលោក កុយ ធួន។ របាយការណ៍លេខ ២២ ដែល​បានបង្ហាញពីកិច្ចដំណើរការនីតិវិធីត្រឹមតែមួយថ្ងៃប៉ុណ្ណោះនោះ បានបង្ហាញឲ្យ ឃើញពីការបន្តផ្តល់សក្ខីកម្ម​របស់សាក្សី​ ពាន ឃាន ។ ចំណែកឯ របាយការណ៍លេខ ២៣ ពុំមានសវនាការ លើភស្តុតាងនោះទេ ដោយ​សារ​តែបញ្ហាសុខភាពរបស់ជនជាប់ចោទលោក អៀង សារី ក៏ប៉ុន្តែ អង្គជំនុំជម្រះ បានស្តាប់សក្ខីកម្មរបស់លោក​វេជ្ជ​បណ្ឌិត លឹម ស៊ីវុត្ថា ស្តីអំពីលក្ខខណ្ឌសុខភាពរបស់ជនជាប់ចោទលោក អៀង សារី វិញ។ ចំពោះរបាយការណ៍​លេខ ២៤ បានបង្ហាញពីការសួរ សំណួរដេញដោលសាក្សី នី កន ដែលជាប្អូនប្រុសបង្កើតរបស់លោក សុន សេន ដោយបានមកផ្តល់សក្ខីកម្ម ស្តីពីបទពិសោធន៍របស់ គាត់ដែល ធ្លាប់ធ្វើជាអ្នកឃោសនាឲ្យចលនាបដិវត្តន៍។ សាក្សី សគឹម ល្មុត ក៏បានមកបញ្ជាក់ពីសក្ខីកម្មរបស់គាត់ផងដែរ នៅសប្តាហ៍ ដដែលនេះ ស្តីពីបទពិសោធន៍របស់​គាត់​ដែល​ធ្លាប់​ធ្វើជានាយករងនៃធនាគារជាតិក្នុងអំឡុងពេល សម័យកម្ពុជាប្រជាធិបតេយ្យ។ របាយ ការណ៍លេខ ២៥ បានបង្ហាញឲ្យឃើញពីការបន្តផ្តល់សក្ខីកម្មរបស់សាក្សី សគឹម ល្មុត និងពីការចាប់ផ្តើមផ្តល់​សក្ខីកម្មរបស់សាក្សី​លោក សៅ សារុន ។ សាក្សី សៅ សារុន ធ្លាប់បាន បម្រើការជាលេខាតំបន់១០៥។ ដោយសារ​តែស្ថាន​ភាព​សុខ​ភាព​របស់គាត់ ការសួរសំណួរ ដេញដោលសាក្សី សៅ សារុន ត្រូវបានផ្លាស់ប្តូរជាមួយនឹងសាក្សី ខឹម ងន ដែល​ធ្លាប់​បានបម្រើការងារក្នុងក្រសួងការបរទេសនៃ របបកម្ពុជាប្រជាធិបតេយ្យ។​ សក្ខីកម្មរបស់ពួកគាត់ទាំងពីរ បាន​បន្ត​រហូតដល់សប្តាហ៍បន្ទាប់ ដែលត្រូវបាន បង្ហាញក្នុងរបាយការណ៍លេខ ២៦។ អង្គជំនុំជម្រះ ក៏បាន​បន្តស្តាប់​សក្ខី​កម្ម​របស់សាក្សីម្នាក់ទៀតផងដែរ គឺ លោក អឿន តាន ដែលបានបម្រើការជានិរសារ (អ្នកនាំសារ) និង​ជា​កង​អង្គរក្ស ឲ្យលោក ប៉ុល ពត។ របាយការណ៍លេខ ២៧ បានបង្ហាញពីសក្ខីកម្មរបស់សាក្សីលោក យុន គីម និង​លោក ខៀវ នៅ ​ដែលសក្ខី កម្មរបស់ពួកគាត់ទាំងពីរមានលក្ខណៈខុសប្លែកពីសាក្សីដទៃទៀត ដោយមិនត្រូវបាន​កំណត់​ទៅ​តាម​ផ្នែក​​ជាក់ លាក់ណាមួយនៃការជំនុំជម្រះក្តីឡើយ ក៏ប៉ុន្តែ រាល់ខ្លឹមសារទាំងអស់​ត្រូវស្ថិតនៅក្នុងដីកា​ដំណោះ​ស្រាយនៃ សំណុំរឿង០០២ នេះ។ លោក យុន គីម ធ្លាប់ធ្វើជា មេឃុំ រីឯលោក ខៀវ នៅ ដែលជា​អតីតព្រះសង្ឃបាន ក្លាយជាប្រធានផ្នែកដឹកជញ្ជូនពាណិជ្ជកម្មនៅភូមិភាគនិរតី នៅក្រោមការគ្រប់គ្រង របស់ តា ម៉ុក ។  របាយ ការណ៍លេខ ២៨ និងលេខ ២៩ បានបង្ហាញពីការផ្តល់សក្ខីកម្មរបស់សាស្ត្រាចារ្យ ដេវីដ ឆេនដ៍ល័រ ជាអ្នក មានចំណេះដឹងខ្ពង់ខ្ពស់ ផ្នែកប្រវត្តិសាស្ត្រប្រទេសកម្ពុជា ជាពិសេសនៅសម័យខ្មែរក្រហម។ របាយ​ការណ៍​លេខ ២៩ ក៏បានបង្ហាញពីការតាំងសំណួររបស់ជនជាប់ចោទលោក នួន ជា ទៅកាន់សាក្សីរូបនេះផងដែរ។ ក្នុង​របាយ​ការណ៍ដដែលនេះ ក៏មានបង្ហាញពីសក្ខីកម្មសង្ខេប​របស់សាក្សីលោក រ៉ចាម តុន ផងដែរ។ សាក្សីរូបនេះ ដែល​ត្រូវបានគេស្គាល់រហស្សនាមថាជា​ “ភី ភួន” និង “វី ជាម”​ បានបម្រើការជាអង្គរក្ស និងនិរសារឲ្យ​ថ្នាក់ដឹក​​នាំ​ ជាន់​ខ្ពស់​នៃបក្សកុម្មុយនីស្តកម្ពុជា ហើយក្រោយមកបានក្លាយជា​មន្ត្រី​ជាន់ខ្ពស់ក្នុងក្រសួងការបរទេស។ សក្ខីកម្ម​របស់​គាត់ បានបញ្ចប់ក្នុងសប្តាហ៍នៃរបាយការណ៍លេខ ៣០។ របាយការណ៍លេខ ៣០ ក៏បានបង្ហាញ​ផងដែរ​ពី​សក្ខី​កម្មរបស់សាក្សី លោក សួង ស៊ីគឿន ។ សាក្សីរូបនេះ ក៏ធ្លាប់បានធ្វើិការក្នុងក្រសួងការបរទេស​ក្នុង អំឡុង​ពេល​នៃសម័យកម្ពុជាប្រធិបតេយ្យផងដែរ។

     ពាក់ព័ន្ធនឹងបញ្ហានីតិវិធីច្បាប់ គ្រប់របាយការណ៍ចាប់ពីលេខ ២១​ ដល់លេខ ៣០ បានពិភាក្សាដេញ​ដោល​​ស្តីពី​ភស្តុតាងឯកសារ។ ការជំទាស់ និងការតាំងសំណួរដេញដោល ត្រូវបានលើកឡើងដោយភាគី ជុំវិញ​បញ្ហា​ ថាតើឯកសារដែល​មិនមានក្នុងសំណុំរឿង អាចត្រូវបានយកមកប្រើប្រាស់ នៅក្នុងការ​តាំងសំណួរដេញដោល​សាក្សី​ដែរឬទេ? ក៏មានការពិភាក្សាដេញដោលផងដែរ ថាតើសេចក្តីសង្ខេបចម្លើយសម្ភាសន៍ ដែល​ធ្វើឡើង ដោយ​ការិយា​ល័យសហចៅក្រមស៊ើប​អង្កេត បានសង្ខេបសក្ខីកម្មរបស់សាក្សី បានយ៉ាងត្រឹមត្រូវដែរឬទេ? ប្រសិនបើ​មិន​បាន​ត្រឹមត្រូវនោះទេ ថាតើប្រការ​បែ​បនេះ គួរតែធ្វើឲ្យឯកសារទាំងនោះមិនអាចទទួលយកបាន ដែរឬទេ? ក៏​នៅ​មានការពិភាក្សាដេញដោលផងដែរ ស្តីពីរបៀប​នៃការប្រើប្រាស់ឯកសារដែលបានមកពីការធ្វើ ទារុណកម្ម។ របាយ​ការណ៍ទាំងដប់នេះ ក៏បានបង្ហាញពីហេតុការ​ណ៍ជាច្រើនផងដែរ នៅពេលដែលក្រុម ការពារក្តី និងអង្គ​ជំនុំ​ជម្រះ​សាលាដំបូង ទំនងជាបានបង្ហាញពីការតទល់គ្នាទៅវិញទៅមក ​ដែលមានរៀបរាប់ ក្នុងរបាយការណ៍លេខ ២៤ ភាពស្វាហាប់ដាក់គ្នាទៅវិញទៅមកនេះ ប្រហែលជាអាចធ្វើ​ឲ្យ​មានហានិភ័យដល់ សិទ្ធិរបស់​ជនជាប់​ចោទ​ដើម្បី​ទទួលបានការការពារក្តីដោយប្រសិទ្ធភាព។ របាយការណ៍លេខ ២៧ បានបង្ហាញ ឲ្យឃើញពីការ​ផ្លាស់ប្តូរ​មួយ​​ដ៏មាន សារៈសំខាន់នៃនីតិវិធី ដែលអង្គជំនុំជម្រះបានសម្រេចថា ជនជាប់ចោទមិន អាច​ធ្វើសេចក្តីថ្លែង​ការណ៍​តប​ទៅសក្ខីកម្មរបស់សាក្សីបានឡើយ។ ប្រការបែបនេះ មានលក្ខណៈខុសគ្នាពីអ្វី ដែលបាន​អនុវត្តក្នុងសំណុំរឿង ០០១ ហើយបានបន្តអនុញ្ញាតឲ្យគោរពតាមការសម្រេច នេះក្នុងអំឡុងពេលនៃ ការផ្តល់សក្ខីកម្មរបស់ ឌុច ក្នុង​សំណុំ​​រឿង ០០២ ទៀតផង។

តារាងខាងក្រោមនេះ ជាការពណ៌នាដោយសង្ខេប​នៃ​របាយការណ៍នីមួយៗ និងការតភ្ជាប់ (Link):

Index of AIJI KRT Trial Monitor Weekly Report Issue 21-30 in Khmer

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: