បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម
ស្តីពីសវនាការខ្មែរក្រហម លេខ ៣១ ដល់លេខ ៤០ ជាភាសាខ្មែរ
ក្នុងការស្មានទុកជាមុននៃសាលក្រមសម្រេចសេចក្តីលើសំណុំរឿង០០២ ដំណាក់កាលទី១ (សំណុំរឿង០០២/០១) ដែលនឹងអាចចេញនៅក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃ គម្រោងផ្តួចផ្តើមយុត្តិធម៌អន្តរ ជាតិប្រចាំអាស៊ី (AIJI) នឹងធ្វើការចុះផ្សាយជារៀងរាល់ខែនូវរបាយការណ៍ប្រចាំសប្តាហ៍ចំនួន១០ ជាភាសាខ្មែរ។ របាយការណ៍របស់ពួកយើង បានលើកឡើងអំពីការផ្តល់ សក្ខីកម្ម ក៏ដូចជាបញ្ហានីតិវិធីច្បាប់ និងបញ្ហាការនៃគ្រប់គ្រងសវនាការ ដែលបានធ្វើឡើងជារៀងរាល់សប្តាហ៍ នៅក្នុងកិច្ចដំណើរការនីតិវិធីជំនុំជម្រះលើសំណុំរឿង០០២/០១។
របាយការណ៍ប្រចាំសប្តាហ៍ចាប់ពីលេខ ៣១ ដល់លេខ ៤០ បានរាយការណ៍ចាប់ពីថ្ងៃទី០៦ ខែសីហា រហូតដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១២។ នៅក្នុងអំឡុងពេលដប់សប្តាហ៍ដែលបានរាយការណ៍ជូនដោយរបាយការណ៍ទាំងដប់លេខនេះ អង្គជំនុំជម្រះ បានខិតខំប្រឹង ប្រែងដើម្បីរក្សាកិច្ចដំណើរការនីតិវិធីឲ្យប្រព្រឹត្តទៅតាមពេលវេលាប្រកបដោយប្រសិទ្ធភាព ទោះបីជាមានការរំខានមួយចំនួនបានកើតមាន ឡើងក៏ដោយ ដោយសារតែបញ្ហាសុខភាពរបស់ជនជាប់ចោទ ជាពិសេស ទៅលើបញ្ហាសុខភាពរបស់ជនជាប់ចោទលោក អៀង សារី (ជា ឧទាហរណ៍ សូមលើរបាយការណ៍លេខ ៣៦ ចុះខែកញ្ញា ឆ្នាំ២០១២)។ ទោះបីជាយ៉ាងនេះក្តី កិច្ចដំណើរការ នីតិវិធី បានចាប់ផ្តើមសវនាការ លើភស្តុតាង ស្តីពីផ្នែកទីបីនៃសំណុំរឿង០០២/០១ (សូមមើលរបាយការណ៍ លេខ៣៨) ដែលបានបង្ហាញពីផ្នែកជាច្រើននៃដីកាដំណោះ ស្រាយ ពាក់ព័ន្ធទៅនឹងរចនាសម្ព័ន្ធយោធា និងការ បំផ្លាស់ទីលំនៅប្រជាជន។ ក្នុងរបាយការណ៍លេខ ៣៩ មានការបង្ហាញពីការដាក់ បញ្ចូលនូវសំណុំរឿង ទួលពោធិ៍ជ្រៃ ទៅក្នុងសំណុំរឿង០០២/០១។ ជាលទ្ធផល សវនាការលើភស្តុតាងជាឯកសារ ត្រូវបានរៀបចំ ឡើង ដើម្បីស្តាប់ពីប្រធានបទទាំងនេះ (សូមមើលរបាយការណ៍លេខ ៣៨, ៣៩ និង ៤០)។
ក្នុងអំឡុងពេលវេលាដែលបានរាយការណ៍ជូនដោយរបាយការណ៍ទាំងដប់លេខនេះ សាក្សី និងដើមបណ្តឹង រដ្ឋប្បវេណីជាច្រើរូប បាន មកផ្តល់សក្ខីកម្មអំពីផ្នែកទីពីរ និងទីបីនៃសំណុំរឿង០០២/០១។ មុននឹងជនជាប់ចោទលោក អៀង សារី ត្រូវបានបញ្ជូនមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យ អង្គជំនុំជម្រះ បានស្តាប់សក្ខីកម្ម សាក្សីដែលជាអ្នកធ្លាប់បានបម្រើការងារឲ្យក្រសួងការបរទេសកន្លងមក មានដូចជា៖ លោក សួង ស៊ីគឿង និងលោក អ៊ុង ថុងហឿង (សូមមើលរបាយការណ៍លេខ ៣១ និង ៣១)។ សាក្សីដែលមកពីក្រសួង ឃោសនាការ ក៏បានមកផ្តល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះផងដែរ មានដូចជា៖ អ្នកស្រី ស សៀក និង លោក គឹម វុន (សូមមើល របាយការណ៍លេខ ៣៣)។ សាក្សី នង សុផង់ ដែលមកពីអង្គភាពដោះលេខកូដ សារទូរលេខ ក៏បានមកបង្ហាញខ្លួនផងដែរនៅចំពោះមុខ អង្គជំនុំជម្រះ ហើយបានរៀបរាប់ពីនីតិវិធី និងរចនា សម្ព័ន្ធទំនាក់ទំនងការសម្ងាត់របស់បក្សកុម្មុយនីស្តកម្ពុជា (របាយការណ៍លេខ ៣៤ ដល់ ៣៥)។ ទោះបីជាជន ជាប់ចោទលោក អៀង សារី បានមានជម្ងឺយ៉ាងណាក៏ដោយ នៅសប្តាហ៍ដែលបានរាយការណ៍ជូនដោយ របាយការណ៍លេខ ៣៦ បានបង្ហាញពីការផ្តល់សក្ខីកម្មរបស់សាក្សី ជា សាយ ដែលជាជាងជួសជុលរថយន្ត ឲ្យបក្សកុម្មុយនីស្តកម្ពុជា ដោយសារតែជនជាប់ចោទលោក អៀង សារី បានលះបង់សិទ្ធិក្នុងការតាមដានស្តាប់ សក្ខីកម្មរបស់សាក្សីរូបនេះ។ ការផ្តល់សក្ខីកម្មរបស់សាក្សី នឹម សែម បានរាយការណ៍ជូនក្នុងរបាយការណ៍ លេខ ៣៧។ អ្នកស្រី បានផ្តល់សក្ខីកម្មស្តីពីបទពិសោធន៍របស់អ្នកស្រីដែល ជាអ្នកចម្រៀង និងជាអ្នកអានសារ ព័ត៌មានឲ្យក្រសួងព័ត៌មាន និងឃោសនាការក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាក្សី ខៀវ អេន ដែលធ្លាប់បាន បម្រើការងារនៅក្នុងក្រសួងដូចគ្នាខាងលើនេះ បានមកផ្តល់សក្ខីកម្មនៅក្នុងសប្តាហ៍ដែលបានរាយការណ៍ជូន ដោយរបាយការណ៍លេខ ៣៨។ លោក មាស វឿន ដែលជាសាក្សីដំបូងគេមកផ្តល់សក្ខីកម្មស្តីពីផ្នែកទីបីនៃ សំណុំរឿង០០២/០១ បានផ្តល់សក្ខីកម្មក្នុង សប្តាហ៍ដែលបានរាយការណ៍ជូនដោយ របាយការណ៍លេខ ៣៨ និងលេខ ៣៩។ គាត់បានផ្តល់សក្ខីកម្ម ស្តីពីបទពិសោធន៍របស់គាត់នៅ ក្នុងកងទ័ពបដិវត្តន៍កម្ពុជា រួមទាំងនៅ ពេលដែលគាត់បានបម្រើការជាមេបញ្ជាការរងកងពលក្នុងភូមិភាគបស្ចិម។ រីឯដើមបណ្តឹងរដ្ឋប្បវេណី ដែលបាន ចូលខ្លួននៅចំពោះមុខអង្គជំនុំជម្រះក្នុងអំឡុងពេលដូចគ្នាខាងលើនេះ គឺលោក អែម អឿន ដែលបានរៀបរាប់ ពីការអនុវត្តន៍ផ្នែកវេជ្ជសាស្ត្រក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ (របាយការណ៍លេខ ៣៣ ដល់លេខ ៣៤) ហើយនិងអ្នកស្រី យឹម សុវណ្ណ ដែលបានមកផ្តល់សក្ខីកម្មស្តីពីបទពិសោធន៍របស់អ្នកស្រីក្នុងអំឡុងពេល ក្រុមគ្រួសាររបស់អ្នកស្រីត្រូវបានជម្លៀសចេញពីទីក្រុង ភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ហើយនិងការជម្លៀសចេញពីខេត្ត កណ្តាលក្នុងឆ្នាំ១៩៧៦ (របាយការណ៍លេខ ៤០)។ លើសពីនេះទៅទៀត ជនជាប់ ចោទលោក នួន ជា ត្រូវ បានអនុញ្ញាតឲ្យមានឱកាសក្នុងការបញ្ចេញមតិយោបល់ក្នុងសវនាការ ដើម្បីបញ្ជាក់ពីផ្នែកមួយចំនួននៃដីកា ដំណោះស្រាយ ដែលត្រូវបានអានដោយអង្គជំនុំជម្រះ (របាយការណ៍លេខ ៣៩) ។
បញ្ហានីតិវិធីផ្លូវច្បាប់មួយចំនួនកាលពីសប្តាហ៍មុនៗ បានបន្តកើតមានឡើងក្នុងអំឡុងពេលដប់សប្តាហ៍នេះ។ ជា ឧទាហរណ៍ បញ្ហាលើ នីតិវិធីត្រឹមត្រូវដើម្បីប្រើប្រាស់ឯកសារដែលកំពុងសួរដេញដោលសាក្សី (របាយការណ៍ លេខ ៣២, ៣៣, ៣៥ និង ៣៩) នៅតែស្ថិតក្រោមការ ពិភាក្សាដេញដោល ទោះបីជាធ្លាប់មានសេចក្តីសម្រេចពីមុន ចុះខែមិថុនា ឆ្នាំ២០១២ ដែលបានបញ្ជាក់ពីវិធីសាស្ត្រនៃការប្រើប្រាស់ឯក សារក្នុងបរិបទនេះក៏ដោយ។ បញ្ហាលើគុណភាពនៃបទសម្ភាសន៍របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត ក៏ត្រូវបានលើកឡើងផងដែរ (របាយការណ៍លេខ ៣៣, ៣៥ ,៣៧ និង ៣៩)។ នៅក្នុងរបាយការណ៍លេខ ៣១ ដែលរាយការណ៍ពីការធ្វើសំណើអនុលោមតាមវិធានផ្ទៃ ក្នុង ៣៥ ស្តីពីការជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋបាលរបស់អង្គជំនុំជម្រះនោះ អង្គជំនុំ ជម្រះ បានច្រាលចោលចំពោះបណ្តឹងដែលពាក់ព័ន្ធនឹង សេចក្តីថ្លែងការណ៍ចោទប្រកាន់មកលើមន្ត្រីរាជរដ្ឋាភិបាលដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន។ មានបញ្ហានីតិវិធីដ៏គួរឲ្យចាប់ អារម្មណ៍មួយ អាចស្វែងរកក្នុងរបាយការណ៍លេខ ៣២ ដែលបានបង្ហាញពីរបៀបដែលអង្គជំនុំជម្រះគួរតែមានប្រតិកម្ម នៅពេលដែលមានសាក្សីណាម្នាក់ (ដូចជាក្នុងករណី សាក្សី ភី ភួន) ក្រោយពីបានផ្តល់សក្ខីកម្មក្នុងសវនាការ បានផ្តល់សេចក្តី ថ្លែងការណ៍លើសក្ខីកម្មរបស់ ពួកគាត់ជាសាធារណៈ (តាមរយៈការធ្វើបទសម្ភាសន៍ តាមសារព័ត៌មានជា ដើម)។ របាយការណ៍លេខ ៣៤ បានពិភាក្សាជាពិសេសលើ បញ្ហានៃការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណី រួមទាំងលើការទាមទារសំណង ការប្រើប្រាស់ឯកសារ និងសិទ្ធិនៅស្ងៀមសាត់របស់ដើម បណ្តឹងរដ្ឋប្បវេណី ណាម្នាក់។
បញ្ជីរបាយការណ៍ពីលេខ ៣១ ដល់លេខ ៤០ នេះ សូមស្វែងរកតាមការតភ្ជាប់ខាងក្រោម៖
Index of AIJI KRT Trial Monitor Weekly Report Issue 31-40 in Khmer